ដើមផ្កាអង្គាសីលត្រៀបត្រាជាច្រើនគុម្ព រៀបចំដាក់តាំងតាមផ្លូវ កំពុងរង់ចាំអតិថិជនជាវទៅដាក់លម្អ ក្នុងស្ថាប័ន ហាង ដាក់ក្នុងផ្ទះ ដើម្បីសិរីសួស្ដី និងលាភសំណាង នាឱកាសចូលឆ្នាំប្រពៃណីចិន ជាពិសេសសម្រាប់បងប្អូនខ្មែរដែលមានជាប់សែស្រលាយចិន។

អ្នកប្រកបមុខរបរលក់ដើមផ្កាអង្គាសីល លោកស្រី ជិន សោភ័ណ្ឌ មកពីភូមិវិហារសួគ៌ ខេត្តកណ្ដាល ដែលមានតាំងដើមអង្គាសីល ប្រមាណ ជាង ៣០០០គុម្ព សម្រាប់លក់នៅម្ដុំផ្លូវជាតិលេខ៦ បានរៀបរាប់ពីតម្លៃមួយចំនួន។ អ្នកប្រកបលក់អង្គាសីល ជាង៤ឆ្នាំមកហើយប្រាប់ថា អង្គាសីល គុម្ពតូចៗ ជាងគេ មានតម្លៃ ២៥ដុល្លារ គុម្ពទំហំធំមធ្យមដែលអតិថិជននិយមទៅទិញដាក់តាមហាង គឺ តម្លៃ៥៥ ដុល្លារ និង៧៥ដុល្លារ ចំណែកគុម្ពធំជាងគេគឺ តម្លៃ១៥០ដុល្លារ។

លោកស្រី សោភ័ណ្ឌ បានឲ្យដឹងថា ដើមអង្គាសីលដែលអ្នកស្រីយកមកលក់ គឺយកមកពីព្រៃ នៃវត្តវត្តជើងហូប ទឹកដីខេត្តកំពង់ចាម។ ដើមអង្គាសីលដែលកាប់យកមក អ្នកស្រីបានយក បេះសន្លឹក និងកាប់គល់ ដាក់ត្រាំក្នុងធុងទឹក និងបាញ់ទឹក ១ថ្ងៃ៣ដង។ ធ្វើបែបនេះអ្នកស្រីអាច រក្សា វាទុកឲ្យរីកផ្កាឲ្យទាន់ចំថ្ងៃចូលឆ្នាំចិនជូនអតិថិជន។

សម្រាប់ដើមផ្កាអង្គាសីល យោងតាម លោក កុក ឡុង គ្រូហោរាចិនប្រចាំទីក្រុងភ្នំពេញ បានឲ្យដឹងថា ប្រជាជនចិន និយមយកវាដាក់ក្នុងផ្ទះ ព្រោះវាមានក្លិនក្រអូប តំណាងឲ្យភាពថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះល្បីល្បាញ។ បើផ្កានេះរីកមុនថ្ងៃចូលឆ្នាំ គឺមិនល្អទេ ប៉ុន្តែបើរីកក្នុងថ្ងៃចូលឆ្នាំរយៈពេល ៣ ថ្ងៃជាប់គ្នា ចិនជឿថា ល្អ បើរីកជាប់គ្នា ៧ ថ្ងៃ គឺល្អលេខមួយ ពោលគឺសំណាងល្អ រាសីឡើងខ្ពស់ត្រដែត មានសុភមង្គល សេចក្ដីថ្លៃថ្នូរ និងទ្រព្យសម្បត្តិនៅគង់វង្សយូរអង្វែង៕

0 comments:
Post a Comment