Tuesday, January 17, 2017

តម្លៃ​ខុស​គ្នា​​គុណ​ជា​ពីរ Nokia 6 តម្លៃ​ ២៥០ ដុល្លារ​ធៀប​​ iPhone 7 លទ្ធផល​ម៉េច​វិញ?

​​​​​ការ​ត្រឡប់​មក​វិញ​របស់​ម៉ាក​សញ្ញា​ Nokia ជា​មួយ​ស្មាតហ្វូន​ដំបូង ​ម៉ូដែល​ Nokia 6 ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាង​ពេញ​ទំហឹង​ ពី​សំណាក់​អ្នក​គាំទ្រ​ចាស់ៗ​​ក៏​ព្រោះ​តែ​វា​មាន​ចំណុច​ខ្លឹម​ៗ​មួយ​ចំនួន​ ហើយ​មាន​តម្លៃ​មិន​ថ្លៃ​ប៉ុន្មាន​ឡើយ។ ពេល​យក​ទៅ​ប្រៀប​នឹង​ស្មាតហ្វូន​កំពូល​​ iPhone 7 ​តើ​ Nokia 6 តម្លៃ​ ២៥០ ដុល្លារ​ អាច​​យក​ប្រៀប​លើ​ចំណុច​អ្វី​ខ្លះ?
@ ការ​រចនា​រូបរាង៖
Nokia 6 ផលិត​ឡើង​ពី​សារធាតុ​លោហៈ​ និង​មាន​ទ្រនាប់​ស្កេន​ក្រយៅដៃ​បង្កប់​លើ​ប៊ូតុង​ Home។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​បច្ចេកវិទ្យា​ Dolby Atmos ដែល​អាច​​ឲ្យ​ស្មាតហ្វូន​បញ្ចេញ​សំឡេង​​បាន​ពិរោះ។ វិមាត្រ​របស់​ទូរសព្ទ​គឺ​ ១៥៤x៧៥,៨x ៨,៤ ម.ម និង​ មាន​ទម្ងន់​ ១៦៩ ក្រាម។
សម្រាប់​ iPhone 7 វិញ​មាន​តួ​ខ្លួន​​ធ្វើ​ពី​លោហៈ​ ដោយ​មាន​រូបរាង​ស្រដៀង​ទៅ​នឹង​ iPhone 6s/6s Plus ដែរ ​ប៉ុន្តែ​មិន​មាន​រន្ធ​ដោត​កាស​ 3.5 mm និង​ មាន​សមត្ថភាព​ពិសេស​អាច​ធន់​នឹង​ទឹក​និង​ធូលី​ដី​កម្រិត​ IP67។ iPhone 7 ក៏​មាន​បង្កប់​​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​លើ​ប៊ូតុង​ Home ដែរ​ ប៉ុន្តែ​ប៊ូតុង​ Home មាន​លក្ខណៈ​ពិសេស​ជាង​មុន។ វិមាត្រ​ស្មាតហ្វូន​គឺ​ ១៣៨,៣x៦៧,១x ៧,១ ម.ម និង​ មាន​ទម្ងន់​ ១៣៨ ក្រាម។
@ អេក្រង់៖
iPhone 7 មាន​អេក្រង់​ទំហំ​ ៤,៧ អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ៧៥០x១៣៣៤ ភីកសែល​ និង មាន​ដង់ស៊ីតេ​រូបភាព​ ៣២៦ ភីកសែល​ក្នុង​មួយ​អ៊ីញ។
ចំណែក​ Nokia 6 វិញ​មាន​អេក្រង់​ទំហំ​ ៥,៥ អ៊ីញ​ អាច​បង្ហាញ​រូបភាព​​កម្រិត​ ១០៨០x១៩២០ ភីកសែល​ និង មាន​ដង់ស៊ីតេ​រូបភាព​ ៤០៣ ភីកសែល​ក្នុង​មួយ​អ៊ីញ។
@ កាមេរ៉ា ៖
វីដេអូបង្ហាញពីរូបភាពថតចេញពី Nokia 6
Nokia មាន​កាមេរ៉ា​​ក្រោយ​ដែល​មាន​ Sensor ទំហំ​ ១៦ MP , Aperture​ f/2.0 និង​ ​មាន​កាមេរ៉ា​ខាង​មុខ​ទំហំ​ ៨ MP។ កាមេរ៉ា​ទាំង​ពីរ​អាច​ថត​វីដេអូ​បាន​ក្នុង​កម្រិត​ 1080p តែ​ប៉ុណ្ណោះ។
វីដេអូបង្ហាញពីរូបភាពថតចេញពី iPhone 7
ចំណែក​ឯ​ iPhone 7 វិញ​មាន​កាមេរ៉ា​ខាង​ក្រោយ​ ១២ MP និង កាមេរ៉ា​ Selfie ទំហំ​ ៧ MP ដោយ​កាមេរ៉ា​ក្រោយ​អាច​ចាប់​យក​វីដេអូ​បាន​ក្នុង​កម្រិត​ 4K ឯណោះ។ ត្បិត​ថា​ Nokia 6 មាន​​មេហ្គា​ភីកសែល​ធំ​ជាង​ប៉ុន្តែ​មិន​មាន​ន័យ​ថា​អាច​ថត​រូប​បាន​គុណភាព​ល្អ​ជាង​ iPhone 7 នោះ​ទេ។
@ Software៖
​​​​​Nokia 6 ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ជំនាន់​ចុង​ក្រោយ​ Nougat 7.0 និង​ មាន​បន្ទះ​ឈីប​ Qualcomm Snapdragon 430 ដែល​មាន​ RAM ទំហំ​ 4 GB, អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ទំហំ​ 64 GB ដែល​មាន​រន្ធ​អាច​បន្ថែម​ទំហំ​បាន។
iPhone 7 ឯណោះ​វិញ​​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 10 និង​មាន​បំពាក់​បន្ទះ​ឈីប​ល្អ​ដាច់​គេ​ប្រចាំ​ឆ្នាំ​ ២០១៦ គឺ​ A10 Fusion ដែល​មាន​ RAM ទំហំ​ 2 GB និង​ជម្រើស​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ 32 GB/128 GB/256 GB។
@ ទំហំ​ថ្ម៖
iPhone 7 មាន​ផ្ទុក​ថ្ម​ប្រភេទ​ Li-Ion ទំហំ​ 1960 mAh និង Nokia 6 មាន​ផ្ទុក​ថ្ម​ប្រភេទ Li-Ion ដូច​គ្នា​តែ​មាន​ទំហំ​ដល់​ទៅ​ 3000 mAh។ ថ្ម​របស់​ទូរសព្ទ​ទាំង​ពីរ​សុទ្ធ​តែ​មិន​អាច​ដក​ចេញ​បាន។​
@ សេចក្ដី​សម្រេច៖
តាម​ការ​ប្រៀប​ធៀប​ខាង​លើ​​ត្បិត​ថា​ Nokia 6 មាន​តម្លៃ​ត្រឹម​តែ​ ២៥០ ដុល្លារ​មែន​ពិត​ ប៉ុន្តែ​ចំណុច​មួយ​ចំនួន​អាច​យក​ប្រៀប​លើ iPhone 7 បាន​ដូច​ជា​​ទំហំ​មេហ្គា​ភីកសែល​​របស់​កាមេរ៉ា, RAM, មាន​រន្ធ​សម្រាប់​បន្ថែម​ទំហំ​មេមូរី​កាត, ទំហំ​ថ្ម​ និង កម្រិត​បង្ហាញ​រូបភាព​របស់​អេក្រង់​ជា​ដើម។ នេះ​ជា​ការ​ប្រៀប​ធៀប​ដោយ​ផ្អែក​តាម​លក្ខណៈ​សម្បត្តិ​ ប៉ុន្តែ​បើ​ប្រៀប​ធៀប​ដោយ​ជាក់​ស្ដែង​រវាង​ដំណើរ​ការ​របស់​ទូរសព្ទ​ទាំង​ពីរ​ Nokia 6 ប្រហែល​ជា​មិន​អាច​ទៅ​ក្បែរ​ iPhone 7 បាន​ឡើយ៕
Share:

0 comments:

Post a Comment

Copyright 2017 Lik Dy. Powered by Blogger.

Featured Post

សុទ្ធ​តែល្អ​ ម៉ឺន សុភា, ឡៅ​ ចន្រ្ទា​ និង​ ឡៅ​ ចិន្រ្តា​ ជាប់​ឈ្មោះ​​ទៅ​ស៊ីហ្គេម​ ២០១៧

ជើង​ខ្លាំង​វ័យ​ក្មេង​ ឡៅ​ ចន្រ្ទា​ និង​ប្អូន​បង្កើត​ ឡៅ​ ចិន្រ្តា​ បាន​​ជាប់​ឈ្មោះ​ជា​កីឡាករ​ជម្រើស​ជាតិ​​ប្រដាល់​​សេរី​ ​ដើម្បី​​ហ្វឹក​ហា...

Most Viewed

Contact Form

Name

Email *

Message *